ការប្រើប្រាស់អ៊ីនធឺណិតប្រកបដោយសុវត្ថិភាព

ការយល់ដឹងអំពីបទល្មើសផ្លូវភេទកុមារលើបណ្តាញអ៊ីនធឺណិត! 

ការលួងលោមលើបណ្ដាញអ៊ីនធឺណិត

ការលួងលោម ជាសកម្មភាពអនុវត្តដោយចេតនាដែលមានបំណងក្នុងការរៀបចំ និងបោកបញ្ឆោតកុមារ មនុស្សពេញវ័យដែលសំខាន់ៗ (ឧ. ក្រុមគ្រួសារ ឬអ្នកថែទាំកុមារ) សហគមន៍ អង្គការ និងស្ថាប័នផ្សេងៗ ដើម្បីគោលបំណងរំលោភបំពានកុមារ។ គោលដៅជាក់លាក់គឺដើម្បីទាក់ទងកុមារ កាត់បន្ថយការបដិសេធរបស់កុមារចំពោះការរួមភេទ ទទួលបានការចូលរួមរបស់កុមារក្នុងសកម្មភាពផ្លូវភេទ និងបង្ការមិនឲ្យកុមារនិយាយពីការការរំលោភបំពាន។ ជារឿយៗការលួងលោមតាមបណ្តាញអ៊ីនធើណិតគឺមានប្រសិទ្ធិភាពលឿនជាងការលួងលោមដោយផ្ទាល់  វិធីសាស្រ្តក្នុងទំនាក់ទំនងដែលប្រើប្រាស់បច្ចេកវិទ្យា មានលក្ខណៈលឿនជាងវិធីសាស្រ្តទំនាក់ទំនងផ្ទាល់នៅក្នុងជីវិតពិត។ លើសពីនេះទៀតវិធីសាស្រ្តលួងលោមតាមណ្តាញអ៊ីនធឺណិតនេះមិនមានព្រំដែនកំណត់ដែលទាក់ទងនឹងពេលវេលា ឬទីកន្លែងឡើយ។ ប្រសិនបើមនុស្សពីរនាក់ប្រើប្រាស់អ៊ីនធើណិតដូចគ្នា ពួកគេអាចទាក់ទងគ្នាបានគ្រប់ពេល ទាំងថ្ងៃ និងយប់ និងនៅគ្រប់ទីកន្លែង។ កក្តាទាំងអស់នេះហើយដែលធ្វើឲ្យជនល្មើសអាចបង្កើត ”ទំនាក់ទំនងពិសេស” ជាមួយកុមារដោយប្រើពេលវេលាតិចតួចប៉ុណ្ណោះ។ កត្តាសំខាន់មួយទៀតគឺ ជារឿយៗកុមារតែងមានអារម្មណ៍ថាមានសេរីភាពច្រើនក្នុងការនិយាយអំពីប្រធានបទណាមួយជាក់លាក់តាមបណ្តាញអ៊ីនធើណេត។ ជាទូទៅ ជនល្មើសមានភាពងាយស្រួលក្នុងការណែនាំអំពីប្រធានបទទាក់ទងនឹងការរួមភេទដល់កុមារហើយធ្វើឲ្យកុមារឆាប់សាំទៅនឹងសកម្មភាពទាំងនោះ។ ការលួងលោមតាមបណ្តាញអ៊ីនធើណេតគឺមានលក្ខណៈសម្ងាត់ និងលាក់លាមជាង បើធៀបទៅនឹងការលួងលោមដោយផ្ទាល់ក្នុងជីវិតពិត។  ជាញឹកញាប់កើតឡើង នៅក្នុងកុំព្យូទ័រ ឬឧបករណ៍ផ្សេងៗទៀត។ ឪពុកម្តាយអាចមិនបានដឹង ឬឃើញទំនាក់ទំនងរវាងកូនរបស់ខ្លួន និងជនល្មើស ការលួងលោមនេះគឺមានភាពខុសគ្នាពីទម្រង់នៃការលួងលោមដោយផ្ទាល់ ដែលការលួងលោមគឺសំដៅចំកុមារ មនុស្សពេញវ័យសំខាន់ៗ  ឬសហគមន៍ជាដើម។

ដោយផ្អែកលើការរាយការណ៍ចូលមក Internet Hotline Cambodia ក្នុងប្រទេសកម្ពុជា ជនល្មើសជាទូទៅប្រើកម្វវីធីបណ្ដាញសង្គមមួយចំនួនដូចជា Facebook, Line, What’s App, public chatroom ដូចជា Moew Chat និងកម្មវិធីផ្សាយផ្ទាល់ដូចជា Bigo Live ជាដើម ដើម្បីលួងលោមជនរងគ្រោះ។ អ្នកលួងលោមភាគច្រើនជាជនជាតិកម្ពុជា ប៉ុន្តែមួយចំនួនគឺជាជនជាតិបរទេសដូចជា ប៉ាគីស្ថាន ស៊ីរី ឥណ្ឌា ទួគីជាដើម។

ការផ្ញើសម្ភារៈអាសអាភាសឲ្យគ្នាតាមឧបករណ៍ចល័ត

Sexting គឺជាការផ្ញើរូបភាព ឬសម្ភារៈអាសអាភាសតាមរយៈទូរស័ព្ទ ឬឧបករណ៍ចល័ត ដែលភាគច្រើនគឺដោយការប្រើទូរស័ព្ទដៃ។ កុមារមួយចំនួនយល់ថា Sexting គឺគ្មានអ្វីខុសឆ្គងនោះឡើយ ពួកគេមិនបានយល់អំពីហានិភ័យរបស់វានោះទេ។ ពួកគេមិនបានយល់ទេថាពួកគេបានបាត់ម្ចាស់ការលើរូបភាព វីដេអូ ឬអត្ថបទរបស់ពួកគេហើយនៅពេលដែលពួកគេបានផ្ញើវាចេញ។ សម្ភារៈទាំងនោះអាចនឹងត្រូវបានគេចែក ចាយយ៉ាងងាយស្រួល។ នៅពេលដែលផ្ញើចេញហើយគឺម្ចាស់សម្ភារៈទាំងនោះមិនអាចគ្រប់គ្រងលើវាបានទៀតនោះទេ ទោះបីជាខំប្រឹងប្រែងលុបវាចេញពីអ៊ីនធើណិតយ៉ាងណាក៏ដោយ ក៏វាអាចលេចចេញនៅកន្លែងមួយផ្សេងទៀតលើអ៊ីនធើណិតដែរ។

ជាទូទៅរូបភាព ឬសម្ភារៈដែលបានផ្ញើឲ្យគ្នាទៅវិញទៅមកគឺធ្វើឡើងដោយមនុស្សដែលស្និតស្នាលនឹងគ្នា។ ក្មេងស្រីម្នាក់អាចផ្ញើរូបភាពអាក្រាតរបស់នាងឲ្យទៅមិត្តប្រុសរបស់នាង ហើយបញ្ហានៅត្រង់ថា ក្មេងស្រីនោះមិនមានភាពប្រាកដទេថាតើមិត្តប្រុសរបស់នាងនឹងធ្វើអ្វីទៅលើរូបភាពនោះក្នុងពេលដែលកំពុងមានទំនាក់ទំនង និងក្រោយពេលដែលទំនាក់ទំនងរបស់ពួកគេត្រូវបានបញ្ចប់។ មិត្តប្រុសរបស់នាងមិនត្រឹមតែអាច ចែកចាយរូបភាព ឬសម្ភារៈទាំងនោះទេ តែក៏អាចគំរាមនាងដោយប្រើប្រាស់រូបភាព    ឬសម្ភារៈទាំងនោះផងដែរ។

មិនមែនញឹកញាប់នោះទេ ជួនកាលរូបភាព ឬសម្ភារៈទាំងនោះក៏អាចត្រូវបានគេចែកចាយដោយអចេតនាផងដែរ ឧ. ក្មេងស្រីម្នាក់ផ្ញើរូបភាពអាក្រាតទៅមិត្តប្រុសរបស់នាង ហើយមិត្តប្រុសរបស់នាងត្រូវបានចោរប្លន់យកទូរស័ព្ទ ពេលនោះចោរបានឃើញរូបថតអាក្រាតនោះ ហើយចាប់ផ្ដើមចែកចាយលើអ៊ីនធើណិត។

ជារួមមកវាគួរឲ្យខ្លាចណាស់នៅពេលដែលអ្នកបានផ្ញើអ្វីដែលពាក់ព័ន្ធនឹងឯកជនភាពរបស់អ្នកទៅកាន់មនុស្សដែលអ្នកទុកចិត្តហើយម្នាក់នោះបានចែកចាយវាចេញទៅក្រៅ។ អង្គហេតុនេះអាចកើតមានចំពោះមនុស្សគ្រប់រូប ហើយមានវិធីតែមួយគត់ដើម្បីបង្ការអង្គហេតុនោះមិនឲ្យកើតឡើង គឺមិនត្រូវផ្ញើចេញនូវអ្វីៗដែលអាចធ្វើឲ្យអ្នកមានភាពអាមាសនៅពេលដែលវាត្រូវបានចែកចាយជាសាធារណៈនោះទេ។

ការធ្វើបាប ឬកេងប្រវ័ញ្ញផ្លូវភេទ

Sextortion សំដៅលើប្រភេទទូលំទូលាយនៃការកេងប្រវ័ញ្ចផ្លូវភេទ ដែលការរំលោភលើអំណាចគឺជាមធ្យោបាយនៃការបង្ខិតបង្ខំ ឬក៏ប្រភេទនៃការកេងប្រវ័ញ្ចផ្លូវភេទដែលជនល្មើសប្រើមធ្យោបាយបង្ខំដោយគំរាមថានឹងចែកចាយរូបភាព ឬសម្ភារៈអាសអាភាសផ្សេងទៀត ឬព័ត៌មានឯកជនរបស់ជនរងគ្រោះ។

Sextortion អាចបណ្ដាលឲ្យមានផលប៉ះពាល់ធ្ញន់ធ្ញរដល់កុមាររងគ្រោះពេញមួយជីវិត ហើយកុមារអាចនឹងងាយរងគ្រោះបំផុត។ ជនល្មើសលើអ៊ីនធើណិតអាចធ្វើឲ្យអ្នកទុកចិត្តដោយសម្ដែងជាមនុស្សល្អ។

ពួកគេលួងលោមជនរងគ្រោះក្នុង Chat Room ហើយចម្លងទុកនូវអ្វីដែលកុមារបានផុស ឬធ្វើសកម្មភាពផ្លូវភេទដោយប្រើ Webcam ឬក៏ពួកគេហេកចូលឧបករណ៍អេឡិចត្រូនិចរបស់កុមារដោយប្រើកម្មវិធី Spyware ដើម្បីអាចចូលមើលឯកសាររបស់កុមារ ឬក៏គ្រប់គ្រងលើ web camera និង microphone របស់កុមារដោយមិនឲ្យកុមារដឹងនោះឡើយ។ ជាទូទៅកុមាររងគ្រោះត្រូវបានគេកេងប្រវ័ញ្ចជាថ្នូរនឹងសកម្មភាពផ្លូវភេទបន្ថែម ឬជាលុយកាក់។

គន្លឹះសម្រាប់ការប្រើប្រាស់អ៊ីនធឺណិតដោយសុវត្ថិភាព

ដូចបានបង្ហាញខាងលើ អ៊ីនធឺណិតផ្ដល់ឳកាសដ៏ទូលំទូលាយដល់មនុស្សគ្រប់រូប ប៉ុន្តែវាក៏អាចបណ្ដាលឲ្យមានគ្រោះថ្នាក់ផងដែរ។ មានគន្លឹះសាមញ្ញមួយចំនួនដែលទាំងអស់គ្នាអាចប្រើ ដើម្បីបង្កើនសុវត្ថិភាពក្នុងពេលប្រើប្រាស់អ៊ីនធឺណិត៖

១. មិនត្រូវចែកចាយព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកជាមួយនរណាម្នាក់លើបណ្ដាញអ៊ីនធើណិតនោះឡើយ។ អ្នកមិនអាចដឹងនោះទេថាតើអ្វីនឹងកើតឡើងចំពោះព័ត៌មានរបស់អ្នក។ ចូរចងចាំថាអ្នកបានបាត់បង់ភាពម្ចាស់ការលើអ្វីៗដែលអ្នកបានចែកចាយលើអ៊ីនធើណិតហើយ។

. មិនត្រូវជួបនរណាម្នាក់ក្នុងជីវិតជាក់ស្ដែងដោយអ្នកគ្រាន់តែបានស្គាល់គេលើអ៊ីនធើណិតនោះទេ។ ជនល្មើសអាចបិទបាំងអត្តសញ្ញាណរបស់គេដោយងាយស្រួលលើបណ្ដាញអ៊ីនធើណិត។ ដូច្នេះហើយអ្នកមិនត្រូវជឿនរណាម្នាក់ដែលអ្នកគ្រាន់តែបានជួបលើបណ្ដាញអ៊ីនធើណិតនោះឡើយ។

. រៀបចំ privacy settings របស់អ្នកឲ្យបានរឹងមាំលើគហទំព័រ ឬកម្មវិធីក្នុងបណ្ដាញសង្គមរបស់អ្នក។ ក្នុងគេហទំព័រ ឬកម្មវិធីបណ្ដាញសង្គមមួយចំនួនមានករិត privacy settings ទាបណាស់ ដូចនេះអ្នកត្រូវផ្លាស់ប្តូរវាដើម្បីឲ្យមានសុវត្ថិភាព។

. មិនត្រូវ add នរណាម្នាក់ដែលអ្នកមិនស្គាល់លើ Facebook ឬបណ្ដាញសង្គមផ្សេងទៀតនោះឡើយ។ អ្នកមិនត្រូវការឲ្យបុគ្គលដែលអ្នកមិនស្គាល់អាចចូលមើលព័ត៌មានផ្សេងៗអំពីអ្នកក្នុងគណនីបណ្ដាញសង្គមរបស់អ្នកទេ។

. ត្រូវប្រុងប្រយ័ត្នក្នុងការផុសរូបភាព ឬវីដេអូអំពីខ្លួនរបស់អ្នក មិនត្រូវផុសព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកដូចជាលេខទួរស័ព្ទ លេខផ្ទះ អាស័យដ្ឋាន ឬទីតាំងរបស់អ្នកលើគេហទំព័របណ្ដាញសង្គម ឬកម្មវិធីទូរស័ព្ទដៃដូចជា SnapchatInstagram ឡើយ។ ត្រូវចងចាំថាបន្ទាប់ពីអ្នកផុសអ្វីលើបណ្ដាញសង្គមហើយ    អ្នកបានបាត់បង់ភាពម្ចាស់ការ    លើសម្ភារៈទាំងនោះ

ហើយ។ អ្នកដែលអាចចូលមើលសម្ភារៈទាំងនោះអាចនឹងធ្វើអ្វីក៏បាន។ ចូរគិតឲ្យបានត្រឹមត្រូវមុនពេលផុសអ្វីៗលើបណ្ដាញសង្គម។

. មិនត្រូវប្រាប់នរណាម្នាក់អំពី passwords របស់អ្នកឡើយ។ នៅពេលអ្នកចែកចាយវាទៅមនុស្សផ្សេងទៀត បុគ្គលនោះនឹងអាចចូលក្នុងគណនីរបស់អ្នកហើយអាចធ្វើសកម្មភាពក្នុងនាមខ្លួនអ្នក។

. មិនត្រូវឆ្លើយតបនឹងសារ ឬសារអេឡិចត្រូនិចដែលប្រើពាក្យមិនសមរម្យនោះឡើយ ត្រូវលុបសារដែលអ្នកមិនស្គាល់អ្នកផ្ញើ។ អ្នកក៏អាចលុបចេញនូវមិត្តភក្ដិដែលបន្តរំខានអ្នក ឬផុសអ្វីដែលមិនសមរម្យផងដែរ។

. មិនត្រូវ download install កម្មវិធី ឬអ្វីផ្សេងទៀតដែលអ្នកមិនស្គាល់នៅក្នុងកុំព្យូទ័រឬទូរស័ព្ទរបស់អ្នកនោះឡើយ។

. ប្រសិនបើមានអ្វីធ្វើឲ្យអ្នកមានអារម្មណ៍មិនស្រួលពេលដែលអ្នកលេងហ្គេម ឬប្រើទូរស័ព្ទដៃនោះ ត្រូវនិយាយប្រាប់ឳពុកម្ដាយ អាណាព្យាបាល ឬបុគ្គលិកអង្គការ ដូចជាអង្គការ APLE ជាដើម។

១០. Google ឈ្មោះរបស់អ្នកដើម្បីដឹងថាអ្នកផ្សេងទៀតអាចមើលឃើញអ្វីខ្លះអំពីអ្នក។ ធ្វើដូចនេះអ្នកអាចដឹងថាតើអ្នកផ្សេងអាចដឹងអំពីអ្នកបានដល់កម្រិតណា មុនពេលគេស្គាល់អ្នកពិតប្រាកដ។