Histo History

នាពេលថ្មីៗនេះការប្រើប្រាស់ និងការទំនាក់ទំនងគ្នាតាមប្រព័ន្ធអ៊ីនធឺណិត មានការរីកលូតលាស់យ៉ាងឆាប់រហ័ស។ នៅប្រទេសកម្ពុជា ការប្រើប្រាស់ទូរស័ព្ទទំនើប និងឧបករណ៍អេឡិចត្រូនិចផ្សេងទៀតដែលអាចភ្ជាប់អ៊ីនធឺណិតបានរបស់ក្រុមយុវជន មានការកើនឡើងគួរអោយកត់សំគាល់។ ទោះបីជាសង្គមអាចទាញយកអត្ថប្រយោជន៍ជាច្រើនពីប្រព័ន្ធអ៊ីនធឺណិត ជាពិសេសនៅក្នុងវិស័យអប់រំក៏ដោយ ប៉ុន្តែវាជារឿងជាគួរអោយសោកស្តាយដែលមនុស្សមួយចំនួនបានប្រើប្រាស់បច្ចេកវិទ្យានេះក្នុងការធ្វើសកម្មភាពខុសច្បាប់ទៅវិញ ដូចជាការទាញយក និងចែកចាយសម្ភារៈអាសអាភាសកុមារ។

យោងតាមរបាយការណ៍របស់ការិយាល័យសហព័ន្ធស៊ើបអង្កេត (FBI) បានអោយដឹងថា មានការកើនឡើង ២០០០ភាគរយ ចំពោះចំនួនរូបភាពអាសអាភាសកុមារនៅតាមប្រព័ន្ធអ៊ីនធឺណិត គិតចាប់ពីឆ្នាំ ១៩៩៦ មក។ របាយការណ៍របស់ ការិយាល័យសហព័ន្ធស៊ើបអង្កេត (FBI) ក៏បានបង្ហាញថា ការជជែកគ្នាជាក្រុម បានផ្តល់នូវទំនាក់ទំនងយ៉ាងឆាប់រហ័សជុំវិញពិភពលោក និងបានលាក់អត្តសញ្ញាណជនដែលចូលចិត្តរំលោភបំពានលើកុមារ ក្នុងពេលជ្រើសរើស និងបង្កើតទំនាក់ទំនងផ្លូវភេទជាមួយកុមារ។ ជារៀងរាល់ថ្ងៃ មានការស្នើសុំអោយមានការថតរូបភាពអាសអាភាសកុមារចំនួនប្រហែល ១១៦.០០០ នៅតាមប្រព័ន្ធអ៊ីនធឺណិត។

ដើម្បីឆ្លើយតបនឹងបញ្ហានេះ អង្គការសកម្មភាពដើម្បីកុមារ (APLE) បានបង្កើតអោយមានបណ្តាញរាយការណ៍ពិសេសតាមប្រព័ន្ធអ៊ីនធឺណិត ដើម្បីទទួលបាននូវ ការរាយការណ៍ប្រសិនបើបុគ្គលណាម្នាក់បានចូលទៅក្នុងប្រព័ន្ធអ៊ីនធឺណិត ហើយរកឃើញថាមានអំពើខុសច្បាប់ណាមួយដែលពាក់ព័ន្ធនឹងរូបភាព និងសម្ភារៈ អាសអាភាសរបស់កុមារ។

បណ្តាញរាយការណ៍ពិសេសតាមប្រព័ន្ធអ៊ីនធឺណិត របស់អង្គការសកម្មភាពដើម្បីកុមារ (APLE) បង្កើតប៊ូតុងរាយការណ៍ ដោយអ្នកដែលចង់ធ្វើការរាយការណ៍គ្រាន់តែចូលទៅកាន់គេហទំព័រ www.internethotlinecambodia.org ហើយចុចលើ Report ពួកគេនឹងឃើញមានទម្រង់សម្រាប់បំពេញពត៌មានទាំងឡាយណាដែលពាក់ព័ន្ធនឹងការសង្ស័យ។

ក្រោយពីទទួលបានការរាយការណ៍ អ្នកវិភាគនឹងធ្វើការវិភាគលើខ្លឹមសារនៃការរាយការណ៍ ដោយយោងទៅលើច្បាប់ជាតិ និងអន្តរជាតិ ហើយពិចារណាថាតើវាខុសច្បាប់ឬទេ។ ប្រសិនបើខ្លឹមសារដែលបានរាយការណ៍នោះខុសច្បាប់មែន អ្នកវិភាគនឹងរកវិធីដើម្បីលុបវាចោលដោយពិភាក្សាជាមួយនឹងមន្ត្រីអនុវត្តច្បាប់ ឬ ប្រតិបត្តិករបណ្តាញទូរស័ព្ទ ឬ អ្នកផ្តល់សេវាកម្មអ៊ីនធឺណិត។ អ្នកវិភាគអាចបញ្ជូនខ្លឹមសារនៃការរាយការណ៍នេះ ទៅកាន់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និង/ឬ ក្រុមស៊ើបអង្កេតរបស់អង្គការសកម្មភាពដើម្បីកុមារ (APLE) ។ ប្រសិនបើខ្លឹមសារនៃការរាយការណ៍នេះ មានការពាក់ព័ន្ធនឹងកុមារជាជនបរទេស ជនល្មើសជាជនបរទេស ឬកុមារជាជនជាតិខែ្មរដែលរស់នៅក្រៅប្រទេសកម្ពុជា អ្នកវិភាគនឹងធ្វើការបញ្ជូនទៅអោយមន្ត្រីអនុវត្តច្បាប់ដែលមានសមត្ថកិច្ច ចំពោះបុគ្គលនោះ។